តាមបណ្ដោយផ្លូវនារដូវវស្សាឃើញវាលស្រែវាលស្រូវពណ៌បៃតងខ្ចីតាមជួរភ្នំវែងអន្លាយ បើសិនបានឆ្លងកាត់បើមិនបានឈប់ថតរូប ពិតជាស្ដាយណាស់ ទេសភាពបៃតងខ្ចីធ្វើពួកខ្ញុំមិនអាចបន្តដំណើរទៅមុខ រវល់តែលួចចាប់ចិត្តប្រតិព័ទ្ធនឹងទេសភាពរបស់វាលស្រែក្បែរស្រុកភូមិស្រុកមានជើងភ្នំវែងអន្លាយ ។ ភ្នំស្រង់ជាតំបន់មួយដែលមានអំណោយផលពីធម្មជាតិយ៉ាងស្រស់បំព្រង នៅតាមដងផ្លូវចូលទៅកាន់ភ្នំស្រង់យើងឃើញ មានវត្ត លំនៅស្ថានមួយពីរ និងវាលស្រែរបស់អ្នកស្រុកអមតាមសងខាងផ្លូវគួរឲ្យឈប់សម្រាកស្រូបយកខ្យល់អាកាស ខ្លាំងណាស់ និយាយរួមនៅភ្នំស្រង់នេះអាចចាត់ទុកថាជាតំបន់ស្រុកស្រែដែលមានធម្មជាតិដោយឡែកមួយដែលកំពុងតែលាក់ខ្លួនឆ្ងាយពី មនុស្សម្នា។ បើទោះជាភ្នំស្រង់មិនមែនជាតំបន់ទេសចរណ៍ក៏ដោយ ក៏ប៉ុន្តែភ្នំស្រង់ត្រូវបានអ្នកដែលធ្លាប់ធ្វើដំណើរមកដល់ចាត់ទុកថាជាទីកន្លែងមួយដ៏មនោរម្យបែបជនបទមានខ្យល់អាកាសបរិសុទ្ធ និងមាន ធម្មជាតិស្អាតប្លែកភ្នែក។ តំបន់ភ្នំស្រង់នេះមានវិសាលភាពគ្របដណ្តប់ធំធេងណាស់ដោយមានកន្លែងខ្លះយើងមិនអាចធ្វើដំណើរ ដោយយានយន្តចូលទៅបាននោះទេគឺចាំបាច់ត្រូវធ្វើដំណើរថ្មើរជើង។